កំណាព្យត្រី



កំនាព្យត្រី
កំនាព្យជាពាក្យ៧ របស់កវីជំនាន់ចាស់ មិនចាំឈ្មោះ
ត្រីត្រាញ់លលេញដេញត្រីក្រុះ
ត្រីក្រឹមក្រាបចុះឈប់បង្អង់
ត្រីក្រាយដែលក្រោយបណ្តោយត្រង់
ត្រីក្រាញ់វិលវង់ក្រោយត្រីក្រាយ ។
កញ្ចុះស្ទុះចឹកកញ្ជាក់ស្លា
ត្រីឆ្លាំងដែលឆ្លារារត់ឆ្ងាយ
អណ្តែងអណ្តើកខ្វើកកកាយ
ក្លាំងហាយហែលលាយនឹងក្លាំងហាត ។
ត្រីផ្ទោងហែលផ្ទឹមនឹងត្រីផ្ទក់
ត្រីស្លូញស្លឺតស្លក់ដេញត្រីស្លាត
ពាំស្លែរបែស្លឹងប្រឹងសង្វាត
ត្រីឈ្វាតហែលឆ្វៀវវវៀវឆ្វាត់ ។
ចង្វាមូលមីរដេរដាស់ដិត
ត្រីក្អិតក្អុកដេញចឹកកូនក្អាត់
ហក់ហែលហូរហែរក្បែរសំណាត់
ព្រលូងលូនកាត់តាមប្រឡាយ ។
កំពឹសតោងឫសកំពីងពួយ
កំពតស្ទុះស្ទួយស្ទាក់ពីឆ្ងាយ
ពើបពះពានលើកំពួលបាយ
កំពុងវាត់វាយកំពឹសពង ។

Comments